June 5, 2024

កិច្ចប្រជុំរវាង មូលនិធិរៃ មជ្ឈមណ្ឌលបុប្ផាណា សហគមន៍ខ្មែរនៅប្រទេសជប៉ុន និងសមាជិកក្រុម «រស់» (Alive Team) ដែលជាក្រុមយុវជនខ្មែររស់នៅប្រទេសជប៉ុន

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានការជួបជុំមួយរវាង មូលនិធិរៃ មជ្ឈមណ្ឌលបុប្ផាណា សហគមន៍ខ្មែរនៅប្រទេសជប៉ុន និងសមាជិកក្រុម «រស់» (Alive Team) ដែលជាក្រុមយុវជនខ្មែររស់នៅប្រទេសជប៉ុន នៅក្នុងគម្រោងមួយឈ្មោះថា «រំឭក»។…

គម្រោងនេះមានគោលបំណងចងក្រងនូវកិច្ចសន្ទនារវាងអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម ជាមួយនិងកូនចៅរបស់ពួកគេ ដើម្បីរក្សាទុកនូវរឿងរ៉ាវសំខាន់ៗទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ការជួបជុំនេះបានចាប់ផ្តើមដោយមតិស្វាគមន៍ពីលោកស្រី Reiko Fukutake នាយកប្រតិបត្តិនៃមូលនិធិរៃ។ បន្ទាប់មកក៏មានកិច្ចពិភាក្សាគ្នារវាងលោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា ជាមួយនិងសមាជិកក្រុម «រស់» (Alive Team) ព្រមទាំងតំណាងសហគមន៍ខ្មែរនៅប្រទេសជប៉ុនស្តីអំពីការអនុវត្តគម្រោង «រំឭក»។

អ្នកចូលរួមបានពេញចិត្តនិងគំនិតផ្តួចផ្តើមគម្រោងនេះ ដោយបានវាយតម្លៃថាវាជាឱកាសដ៏សំខាន់សម្រាប់អ្នករស់រានមានជីវិតដើម្បីចែករំលែកបទពិសោធនៅក្នុងសម័យសង្គ្រាម និងជីវិតថ្មីរបស់ពួកគេនៅក្នុងប្រទេសជប៉ុនជាមួយមនុស្សជំនាន់ក្រោយ តាមរយៈកិច្ចសម្ភាសន៍ដែលត្រូវបានគេស្គាល់ថាជា «ការចងក្រងរឿងរ៉ាវរបស់ខ្ញុំ»។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិរៃ សមាជិកក្រុម «រស់» ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសជប៉ុនសម្រាប់ការគាំទ្ររបស់ពួកគេ។ យើងសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដែលនឹងចូលរួមថែរក្សា និងអបអរសាទរនូវការចែករំលែកការចងចាំរួមគ្នាដ៏មានតម្លៃមួយនេះ។