January 15, 2025

ការចែករំលែក

កាលពីពេលថ្មីៗនេះ វិចិត្រករជនជាតិបារាំងឈ្មោះដានូ (Danhôo) បានបរិច្ចាគស្នាដៃមួយរបស់គាត់ដែលមានចំណងជើងថា «ការចែករំលែក» ដល់មជ្ឈមណ្ឌលបុប្ផាណា។ មជ្ឈមណ្ឌលបុប្ផាណា បង្កើតឡើងដោយសហស្ថាបនិកពីររូបគឺ លោក ប៉ាន់ រិទ្ធី និងព្រឹទ្ធាចារ្យ អៀវ បណ្ណការ ហើយមជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា។

ក្រុមការងាររបស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានទទួលផ្ទាំងគំនូរប្រកបដោយភាពរីករាយ ហើយការណ៍នេះ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក Danhôo ចំពោះការចងចាំ និងបេតិកភណ្ឌវប្បធម៌។

ទន្ទឹមនឹងនេះ សិល្បករ Danhôo បានក្លាយជាអ្នកតំណាងកិត្តិយសសម្រាប់គម្រោង Fragments #KH50។ គម្រោងនេះ គាំទ្រដោយសមាគមFragmentis Vitae Asia ដែលមានគោលបំណងប្រមូល និងចែករំលែកសក្ខីកម្មរបស់គ្រួសារប្រជាជនកម្ពុជានានា ដែលបានឆ្លងកាត់របបខ្មែរក្រហម កាលពី៥០ឆ្នាំមុន ។

តាមរយៈកាយវិការ និងការប្តេជ្ញាចិត្តនេះ លោក Danhôo បានប្រើប្រាស់សិល្បៈរបស់គាត់ដើម្បីបម្រើដល់ការផ្ទេរចំណេះដឹងនិងការយោគយល់គ្នា។ ការចូលរួមរបស់គាត់ ផ្តល់នូវតម្លៃចំពោះគំនិតផ្តួចផ្តើមនេះ ខណៈពេលដែលគាត់កំពុងពង្រឹងទំនាក់ទំនងរវាងការបង្កើតស្នាដៃសិល្បៈ និងការចងចាំរួម។

ថវិកាទាំងស្រុងដែលបានពីការដាក់លក់ស្នាដៃនេះ នឹងប្រគល់ឱ្យមជ្ឈមណ្ឌលបុប្ផាណា ដើម្បីទ្រទ្រង់បេសកកម្មការងារផ្នែកវប្បធម៌របស់មជ្ឈមណ្ឌល។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចំពោះស្នាដៃនេះ និងមានបំណងជួយគាំទ្រមជ្ឈមណ្ឌលបុប្ផាណា សូមទាក់ទងតាមរយៈអ៊ីម៉ែល info@bophana.org ។