គម្រោង «អេប-សិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម»
មជ្ឈមណ្ឌលបុប្ផាណាដាក់បង្ហាញកម្មវិធីសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមសម្រាប់ទូរស័ព្ទស្មាតហ្វូន
កម្មវិធីនេះអាចធ្វើការទាញយកបាននៅក្នុង Play Store (Android) និង App Store (iOS) ដោយវាយឈ្មោះក្នុង App ថា «Khmer Rouge History»។ កម្មវិធីនេះរួមមានទាំងអស់ ១២ ជំពូក និងចែកចេញជា ៥៨ ជំពូកតូចៗ ដែលអាចនឹងត្រូវដាក់បញ្ចូលបន្ថែមទៀតទៅតាមការសមស្រប។
អំពីគម្រោង «អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម»
«អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម» ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (មជ្ឈមណ្ឌលបុប្ផាណា) ជាគម្រោងសំណងមួយដែលស្នើឡើង សម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០២ នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ក្រោមការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងមូលនិធិរៃ តាមរយៈកម្មវិធីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលត្រូវអនុវត្តតាមរយៈការគ្រប់គ្រងដោយប្រយោលជាមួយនឹងការិយាល័យសេវាកម្មគម្រោងរបស់អង្គការសហប្រជាជាតិ (UNOPS)។ គម្រោងនេះរួមមាន ការបង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបអប់រំមួយ អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការផ្សព្វផ្សាយយ៉ាងទូលាយ ដោយទទួលបានការប្រើប្រាស់តាមប្រព័ន្ធ Internet ដោយមិនបង់កម្រៃ។ កម្មវិធីដែលត្រូវបង្កើតនេះនឹងត្រូវប្រើនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ជាឧបករណ៍បន្ថែមមួយសម្រាប់កម្មវិធីសិក្សាអប់រំថ្នាក់ជាតិ ដែលអាចជួយសម្រួលការងាររបស់គ្រូបង្រៀន ដោយស្នើឡើងនូវវិធីសាស្ត្រអប់រំជំនួសមួយ សម្រាប់ប្រវត្តិសាស្ត្រខ្មែរក្រហម នៅក្នុងថ្នាក់រៀន។
គម្រោងនេះទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាដៃគូសហប្រតិបត្តិការ។ ដោយត្រូវបានស្នើឡើង ជាគម្រោងសំណងមួយតាមបច្ចេកទេសតុលាការ សម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០២ នៅចំពោះមុខ អវតក នោះ គម្រោងនេះក៏នឹងត្រូវអនុវត្តដោយសហការគ្នាយ៉ាងជិតស្និទ្ធជាមួយផ្នែកសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងផ្នែកគាំទ្រជនរងគ្រោះ នៃ អវតក ដែរ។ ជាងនេះទៀត ក្នុងនាមជាអ្នកទទួលបានជំនួយរួមគ្នាសម្រាប់ «កម្មវិធីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបុប្ផាណានឹងធ្វើការជាដៃគូជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ក៏ដូចជា Meta House ដើម្បីពង្រីកថាមពលសំយោគមួយឱ្យដល់កម្រិតអតិបរមា និងផ្លាស់ប្ដូរជំនាញឯកទេស ដើម្បីបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជន ក៏ដូចជាដល់សាធារណជនទូទៅនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។
គោលបំណងរបស់គម្រោងនេះ គឺដើម្បីអប់រំយុវជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបច្នៃប្រតិដ្ឋមួយ ដែលមានបញ្ចូលព័ត៌មានសុក្រឹត និងមានបទដ្ឋានមួយ ដោយទទួលបានការត្រួតពិនិត្យ ផ្តល់សុពលភាពដោយអ្នកជំនាញកម្ពុជា និងអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ការយល់ដឹងអំពីយុត្តិធម៌ សិទ្ធិមនុស្ស និងសន្តិភាព ដោយបង្កើតឱ្យមានការសន្ទនាឆ្លងជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជន។ វីដេអូរូបថត អត្ថបទតាមប្រព័ន្ធផ្សព្វផ្សាយ អត្ថបទសំណេរ តន្ត្រី និងសំឡេង នឹងត្រូវបានជ្រើសរើស និងផលិតថ្មីដោយក្រុមដែលរួមមាន អ្នកសរសេរ អ្នករក្សាបណ្ណសារ អ្នកបច្ចេកទេសសោតទស្សន៍ និងអ្នកឯកទេសខាងព័ត៌មានវិទ្យា ដោយមានការពិនិត្យចាត់ចែងពីអ្នកជំនាញកម្ពុជា និងអន្តរជាតិអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រមទាំងបានចងក្រងជាទម្រង់កម្មវិធីឧបករណ៍ឆ្លាតវៃ ដែលជាទម្រង់មួយមានមេត្រីភាព ដល់អ្នកប្រើប្រាស់ និងអាចងាយចែករំលែកបំផុត សម្រាប់យុវជនកម្ពុជា ដែលជាក្រុមគោលដៅទទួលផលដ៏សំខាន់ពីគម្រោងនេះ។
មាតិកាក្នុងកម្មវិធីនេះនឹងមានភាពស៊ីសង្វាក់គ្នាជាមួយនឹងរបកគំហើញរបស់អង្គជំនុំជម្រះ ហើយនឹងឆ្លុះបញ្ចាំងអំពីការងារ និងកេរដំណែលរបស់ អវតក ដោយរួមមានការងាររបស់តុលាការ និងសេចក្តីវិនិច្ឆ័យនានា។ សក្ខីកម្មជាច្រើន ដែលចេញមកពីភាគីដើមបណ្តឹងរដ្ឋប្បវេណី ក៏នឹងត្រូវបញ្ចូលនៅក្នុងកម្មវិធីនេះដែរ។
កម្មវិធីនេះអាចផ្សព្វផ្សាយបានយ៉ាងទូលាយតាមប្រព័ន្ធ Internet បានទូទាំងប្រទេស និងទូទាំងពិភពលោក។ វាក៏នឹងមានលក្ខណៈអន្តរកម្ម ដោយមានការកៀងគរវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ៖ ជនជាតិកម្ពុជាប្រហែលមួយភាគបី បានចុះឈ្មោះប្រើប្រាស់ Facebook។ តាមរយៈការទាញប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីដែលនឹងត្រូវបង្កើតឡើងនេះនឹងដើរតួនាទីជាផ្លូវបំបែកមួយសម្រាប់ការពិភាក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីកុំទុកឱ្យមនុស្សវ័យក្មេងប្រឈមនឹងប្រធានបទដ៏លំបាកមួយនេះ។
បរិបទគម្រោង
ក្នុងប្រទេសកម្ពុជា ប្រជាជនប្រហែល ៧០% មានអាយុក្រោម ៣០ ឆ្នាំ។ ជំនាន់មនុស្សវ័យក្មេងមិនដឹងច្រើនអំពីអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមទេ។ គេបានទាំងសង្កេតឃើញមានការបដិសេធជាសមូហភាពអំពីវិនាសកម្មក្នុងអតីតកាលនៅក្នុងចំណោមយុវជនថែមទៀតផង។ ការជំរុញឱ្យយុវជនប្រឈមមុខជាមួយនឹងប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈការផ្តល់ឱ្យតាមរយៈឧបករណ៍ ដែលមានភាពជាប់ទាក់ទងនឹងការរស់នៅរបស់ពួកគេ និងមានភាពទាក់ទាញនៅក្នុងការស្វែងរកការពិតនេះ មានសារសំខាន់ណាស់សម្រាប់ការផ្លាស់ប្តូរមួយផ្នែកសង្គមសម្រាប់ប្រទេសកម្ពុជាដែលមានភាគច្រើនជាប្រជាជនវ័យក្មេង។
គោលបំណង
១. បង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបអប់រំ ដែលមានគុណភាព និងមានភាពច្នៃប្រតិដ្ឋ
២. អប់រំយុវជនកម្ពុជាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយប្រើប្រាស់កម្មវិធីបង្កើតឡើងនេះ
៣. បង្កើនការប្រើប្រាស់កម្មវិធីរៀនសូត្រនេះឱ្យបានជាអតិបរមា នៅកម្រិតជាតិ និងកម្រិតអន្តរជាតិ
ហេតុអ្វីប្រើ “អេប” ?
១. កម្មវិធីនេះផ្តល់នូវការចងក្រងព័ត៌មានសុក្រឹត និងមានស្តង់ដាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
២. គម្រោងនេះមានសក្តានុពលក្នុងការទាក់ទាញយុវជន ៖ មួយភាគបីនៃយុវជន (អាយុពី ១៥ ដល់ ២៤ ឆ្នាំ) នៅក្នុងប្រទេសកម្ពុជាអាចទទួលបានការប្រើប្រាស់ Internet។
៣. គម្រោងនេះទាញប្រយោជន៍ពីអំណាចនៃបណ្ណសារ ជាភស្តុតាងប្រវត្តិសាស្ត្រ ៖ “ដោយសារតែបណ្ណសាររូបភាព និងសំឡេងដែលអង្រួនដល់ទឹកចិត្តទាំងនោះ គម្រោងនេះនឹងជួយយុវជនឱ្យបានធ្វើជាសាក្សីប្រវត្តិសាស្ត្រ និងឱ្យជឿអំពីអ្វីដែលបានកើតឡើងពិតប្រាកដ។
៤. គម្រោងនេះមានលក្ខណៈច្នៃប្រតិដ្ឋ ៖ តាមរយៈឧបករណ៍ និងសកម្មភាពដែលមានលក្ខណៈកម្សាន្ត គម្រោងនេះស្នើឡើងនូវវិធីសាស្ត្របែបអប់រំជំនួសមួយក្នុងការដោះស្រាយបញ្ហាប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងថ្នាក់រៀន ដែលមានភាពខុសប្លែកពីវិធីសាស្ត្រអប់រំបែបចាស់។
៥. គម្រោងនេះមានលក្ខណៈអន្តរកម្ម ដោយមានការកៀងគរវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ៖ ជនជាតិកម្ពុជាប្រហែលមួយភាគបីបានចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គម ។ តាមរយៈការទាញប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីដែលនឹងត្រូវបង្កើតឡើងនេះនឹងដើរតួនាទីជាផ្លូវបំបែកមួយសម្រាប់ការពិភាក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីកុំទុកឱ្យមនុស្សវ័យក្មេងប្រឈមនឹងប្រធានបទដ៏លំបាកមួយនេះ។
៦. គម្រោងនេះមានលក្ខណៈអន្តរជំនាន់ ដោយជំរុញឱ្យមានការសន្ទនាគ្នារវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជន។
៧. គម្រោងនេះអាចបង្កើតឡើងវិញបានយ៉ាងទូលាយតាមប្រព័ន្ធ Internet និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនបង់កម្រៃបានទូទាំងប្រទេស និងទូទាំងពិភពលោក។
៨. គម្រោងនេះបានទទួលការគាំទ្រជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងនេះត្រូវបានទទួលស្គាល់ដោយភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅ អវតក ក្នុងនាមជាគម្រោងសំណងតាមបច្ចេកទេសតុលាការ តាមរយៈការចូលរួមពាក់ព័ន្ធ និងការគាំទ្រទាំងស្រុង ក្នុងការផ្តល់ធនធានផ្សេងៗ ដូចជា សាក្សី និងមរតកភាគីដើមបណ្តឹងរដ្ឋប្បវេណី ដល់គម្រោងនេះ។
ដៃគូសហការ