គម្រោង «អេប-សិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម»

មជ្ឈមណ្ឌលបុប្ផាណាដាក់បង្ហាញ​កម្មវិធី​សិក្សា​ពី​ប្រវត្តិសាស្រ្ត​​ខ្មែរ​​ក្រហម​សម្រាប់ទូរស័ព្ទស្មាតហ្វូន

កម្មវិធីនេះអាចធ្វើការទាញយក​​បាន​នៅ​ក្នុង Play Store (Android) និង App Store (iOS) ដោយ​វាយ​ឈ្មោះ​ក្នុង App ថា «Khmer Rouge History»។ កម្មវិធី​នេះ​រួម​មាន​ទាំង​អស់​ ១២ ជំពូក និង​ចែក​ចេញ​ជា​ ៥៨ ជំពូក​​តូចៗ ដែល​អាច​នឹង​ត្រូវ​​ដាក់​​​បញ្ចូលបន្ថែម​ទៀត​​ទៅតាម​ការ​សមស្រប។

App Promotion


អំពីគម្រោង «អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម»

«អេប-កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម» ដែល​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា (មជ្ឈមណ្ឌល​បុប្ផាណា) ជា​គម្រោង​សំណង​មួយ​ដែល​ស្នើ​ឡើង សម្រាប់​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង ០០២/០២ នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អវតក) ក្រោម​ការ​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​មូលនិធិរៃ តាម​រយៈ​កម្មវិធី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ដែល​ត្រូវ​អនុវត្ត​​តាម​រយៈ​ការ​គ្រប់​គ្រង​ដោយ​ប្រយោល​ជាមួយ​នឹង​ការិយាល័យ​សេវាកម្ម​គម្រោង​របស់​អង្គការ​សហប្រជាជាតិ (UNOPS)។ គម្រោងនេះ​រួមមាន ការ​បង្កើត​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​បែប​អប់រំ​មួយ អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម និង​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ ដោយ​ទទួល​បាន​ការ​ប្រើប្រាស់​តាម​ប្រព័ន្ធ​ Internet ​ដោយ​មិន​បង់​កម្រៃ។ កម្មវិធី​ដែល​ត្រូវ​បង្កើត​នេះនឹង​ត្រូវ​ប្រើ​នៅ​តាម​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​​នានា​ក្នុង​ប្រទេស​កម្ពុជា ជា​ឧបករណ៍​បន្ថែម​មួយ​សម្រាប់​​កម្មវិធី​សិក្សា​អប់រំ​ថ្នាក់​ជាតិ ដែល​អាច​ជួយ​សម្រួល​ការងារ​របស់​គ្រូ​បង្រៀន ដោយ​ស្នើ​ឡើង​នូវ​វិធីសាស្ត្រ​អប់រំ​ជំនួស​មួយ សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម នៅ​ក្នុង​ថ្នាក់​រៀន។

គម្រោង​​នេះ​​​ទទួល​​បាន​​ការ​​គាំទ្រ​​ពី​​ក្រសួង​​អប់រំ យុវជន និង​កីឡា ក្នុង​នាម​ជាដៃគូ​សហប្រតិបត្តិការ។ ដោយ​​ត្រូវ​បាន​ស្នើ​ឡើង ជា​គម្រោង​សំណង​មួយ​តាម​បច្ចេកទេស​តុលាការ សម្រាប់​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង ០០២/០២ នៅ​ចំពោះ​មុខ អវតក នោះ គម្រោង​នេះ​ក៏​នឹង​ត្រូវ​អនុវត្ត​ដោយ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ផ្នែក​សហមេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​ផ្នែក​គាំទ្រ​ជន​រង​គ្រោះ នៃ អវតក ដែរ។ ជាង​នេះ​ទៀត ក្នុង​នាម​ជា​អ្នក​ទទួល​បាន​ជំនួយ​រួម​គ្នា​សម្រាប់ «កម្មវិធី​លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម» ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​បុប្ផាណានឹង​ធ្វើការ​ជាដៃ​គូ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ក៏ដូចជា Meta House ដើម្បីពង្រីក​ថាមពល​សំយោគ​មួយឱ្យដល់កម្រិត​អតិបរមា និងផ្លាស់ប្ដូរជំនាញ​ឯកទេស​ ដើម្បី​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ដល់​យុវជន ក៏​ដូច​ជា​ដល់​សាធារណជន​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភព​លោក។

គោល​បំណង​របស់​គម្រោង​នេះ គឺ​ដើម្បី​អប់រំ​យុវជនអំពី​​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​បែប​ច្នៃ​ប្រតិដ្ឋ​មួយ ដែល​មាន​បញ្ចូល​ព័ត៌មាន​សុក្រឹត និង​មាន​បទដ្ឋាន​មួយ ដោយ​ទទួល​បាន​ការ​ត្រួត​ពិនិត្យ ផ្តល់​សុពលភាព​ដោយ​អ្នក​ជំនាញ​កម្ពុជា និង​អន្តរជាតិ ក៏​ដូចជា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​យុត្តិធម៌ សិទ្ធិ​មនុស្ស និង​សន្តិភាព ដោយ​បង្កើតឱ្យមាន​ការ​សន្ទនា​ឆ្លង​ជំនាន់រវាង​អ្នក​រស់​រាន​មាន​ជីវិត​ពី​​របប​ខ្មែរ​​ក្រហម និង​​យុវជន។ វីដេអូ​រូប​​ថត អត្ថបទ​​តាម​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ អត្ថបទ​​សំណេរ តន្ត្រី និង​​សំឡេង នឹង​​ត្រូវ​​បាន​ជ្រើស​​រើស និង​​ផលិត​​ថ្មី​ដោយ​​ក្រុម​​ដែល​​រួម​​មាន អ្នក​​សរ​សេរ អ្នក​​រក្សា​​បណ្ណសារ អ្នក​​បច្ចេក​ទេស​​សោត​​ទស្សន៍ និង​​អ្នក​​ឯក​ទេស​​ខាង​​ព័ត៌មាន​​វិទ្យា ដោយ​​មាន​​ការ​​ពិនិត្យ​​ចាត់​ចែង​​ពី​​អ្នក​​ជំនាញ​​កម្ពុជា និង​​អន្តរជាតិ​​អំពី​​​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​ក្រហម ព្រម​​ទាំង​​បាន​​ចង​​ក្រង​​ជា​​ទម្រង់​​កម្មវិធី​​​​ឧបករណ៍​​ឆ្លាត​វៃ ដែល​​ជា​​ទម្រង់​​មួយ​​មាន​​មេត្រី​ភាព ដល់​​​អ្នក​​ប្រើ​​ប្រាស់ និង​​​អាច​​ងាយ​​ចែក​​រំលែក​​បំផុត សម្រាប់​​យុវជន​​កម្ពុជា ដែល​​ជា​​ក្រុម​គោល​​ដៅ​​ទទួល​​ផល​​ដ៏​​សំខាន់​​ពី​​គម្រោង​​នេះ។

មាតិកា​​​ក្នុង​​​កម្មវិធី​​​នេះ​​​នឹង​​​មាន​​​ភាព​​​ស៊ី​​សង្វាក់​​គ្នាជាមួយ​នឹង​របក​គំហើញ​របស់​អង្គជំនុំ​ជម្រះ ហើយ​នឹង​ឆ្លុះ​​បញ្ចាំង​អំពី​ការងារ និង​កេរ​ដំណែល​របស់ អវតក ដោយ​រួម​មាន​ការងារ​របស់​តុលាការ និង​សេចក្តី​វិនិច្ឆ័យ​នានា។ សក្ខីកម្ម​ជាច្រើន ដែល​ចេញ​មក​ពី​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី ក៏​នឹង​ត្រូវ​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ។

កម្មវិធី​នេះអាចផ្សព្វផ្សាយបានយ៉ាងទូលាយតាមប្រព័ន្ធ Internet បានទូទាំងប្រទេស និង​ទូទាំង​ពិភព​លោក។ វា​ក៏​នឹង​មាន​លក្ខណៈ​អន្តរកម្ម ដោយ​មាន​​ការ​​កៀង​​គរ​​វេទិកា​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​សង្គម​​នានា ៖ ជន​​ជាតិ​កម្ពុជា​​ប្រហែល​​មួយ​​ភាគ​​បី បាន​​ចុះ​​ឈ្មោះ​​ប្រើ​​ប្រាស់ Facebook។ តាម​រយៈ​ការ​ទាញ​​ប្រយោជន៍​​ពី​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​សង្គម​ កម្មវិធី​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នេះនឹង​ដើរ​តួនាទី​ជា​ផ្លូវ​បំបែក​មួយ​សម្រាប់​ការ​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​​ខ្មែរ​​ក្រហម ដើម្បី​​កុំ​ទុក​ឱ្យមនុស្ស​វ័យ​ក្មេង​ប្រឈម​នឹង​ប្រធាន​បទ​ដ៏​លំបាក​មួយ​នេះ។

បរិបទ​គម្រោង

ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ប្រហែល​ ៧០% មាន​អាយុ​ក្រោម​ ៣០ ឆ្នាំ។ ជំនាន់​​មនុស្ស​វ័យ​ក្មេងមិន​ដឹង​ច្រើន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។ គេ​បាន​ទាំង​សង្កេត​ឃើញ​មានការ​បដិសេធ​ជា​សមូហភាព​​អំពី​វិនាសកម្ម​ក្នុង​អតីត​កាលនៅ​ក្នុង​ចំណោម​យុវជន​ថែម​ទៀត​ផង។ ការ​ជំរុញឱ្យ​យុវជន​ប្រឈម​មុខ​ជា​មួយ​នឹង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម​តាម​រយៈ​ការ​ផ្តល់​ឱ្យតាម​រយៈ​ឧបករណ៍ ដែល​មាន​ភាព​ជាប់​ទាក់​ទង​នឹង​ការ​រស់នៅ​របស់​ពួកគេ និង​មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​មួយ​ផ្នែក​សង្គម​សម្រាប់​ប្រទេស​កម្ពុជាដែល​មាន​ភាគ​ច្រើន​ជា​ប្រជាជន​វ័យក្មេង។

គោលបំណង

១. បង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបអប់រំ ដែលមានគុណភាព និង​មាន​ភាពច្នៃប្រតិដ្ឋ
២. អប់រំយុវជនកម្ពុជាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយ​ប្រើប្រាស់​កម្មវិធី​បង្កើត​ឡើងនេះ
៣. បង្កើនការប្រើប្រាស់កម្មវិធីរៀនសូត្រនេះឱ្យបាន​ជា​​អតិបរមា នៅ​កម្រិតជាតិ និង​កម្រិត​អន្តរជាតិ

App Learning on KR History 1 App Learning on KR History 2 App Learning on KR History 3

ហេតុអ្វីប្រើ “អេប” ?

១. កម្មវិធីនេះផ្តល់នូវការចងក្រងព័ត៌មានសុក្រឹត និង​មាន​ស្តង់ដា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម។
២. គម្រោងនេះមានសក្តានុពលក្នុងការទាក់ទាញយុវជន ៖ មួយភាគបី​នៃ​យុវជន (អាយុពី ១៥ ដល់ ២៤ ឆ្នាំ) នៅក្នុង​ប្រទេស​កម្ពុជាអាច​ទទួល​បាន​ការ​ប្រើប្រាស់​ Internet។
៣. គម្រោងនេះទាញប្រយោជន៍ពី​អំណាច​នៃ​បណ្ណសារ ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ ៖ “ដោយ​សារ​តែ​បណ្ណសារ​រូបភាព និង​សំឡេង​ដែល​អង្រួន​ដល់​ទឹក​ចិត្ត​ទាំងនោះ​ គម្រោង​នេះនឹង​ជួយ​យុវជន​ឱ្យបាន​ធ្វើជា​សាក្សី​ប្រវត្តិសាស្ត្រ និង​ឱ្យ​ជឿ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ។
៤. គម្រោង​នេះ​មាន​លក្ខណៈ​ច្នៃ​ប្រតិដ្ឋ ៖ តាម​រយៈ​ឧបករណ៍ និង​សកម្មភាព​ដែល​មាន​លក្ខណៈ​កម្សាន្ត គម្រោង​នេះស្នើឡើង​នូវ​វិធីសាស្ត្រ​បែប​អប់រំ​ជំនួស​មួយក្នុង​ការ​​ដោះស្រាយ​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហមនៅ​ក្នុង​ថ្នាក់​រៀន​ ដែល​មាន​ភាព​ខុស​ប្លែក​ពី​វិធីសាស្ត្រ​អប់រំ​បែប​ចាស់។
៥. គម្រោងនេះមាន​លក្ខណៈ​អន្តរកម្ម ដោយ​មាន​ការ​កៀង​គរ​វេទិកា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​នានា ៖ ជន​ជាតិ​កម្ពុជា​ប្រហែល​មួយ​ភាគ​បីបាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ។ តាម​រយៈ​ការ​ទាញ​ប្រយោជន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ កម្មវិធី​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នេះនឹង​ដើរ​តួនាទី​ជា​ផ្លូវ​បំបែក​មួយ​សម្រាប់​ការ​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ​ដើម្បី​កុំ​ទុកឱ្យមនុស្ស​វ័យ​ក្មេង​ប្រឈម​នឹង​ប្រធាន​បទ​ដ៏​លំបាក​មួយ​នេះ។
៦. គម្រោងនេះមានលក្ខណៈអន្តរជំនាន់ ដោយ​ជំរុញ​ឱ្យមាន​ការ​សន្ទនា​គ្នា​រវាង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​យុវជន។
៧. គម្រោង​នេះអាច​បង្កើត​ឡើង​វិញ​បាន​យ៉ាង​ទូលាយតាម​ប្រព័ន្ធ​ Internet និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដោយ​មិន​បង់​កម្រៃបាន​ទូទាំង​ប្រទេស​ និង​ទូទាំង​ពិភពលោក។
៨. គម្រោងនេះបានទទួលការគាំទ្រជាផ្លូវការដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។​ គម្រោងនេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ អវតក ក្នុង​នាម​ជា​គម្រោង​សំណង​តាម​បច្ចេក​ទេស​តុលាការ តាម​រយៈ​ការ​ចូល​រួម​ពាក់​ព័ន្ធ និង​ការ​គាំទ្រ​ទាំង​ស្រុង ក្នុង​ការ​ផ្តល់​ធនធាន​ផ្សេងៗ ដូចជា សាក្សី និង​មរតក​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី ដល់​គម្រោង​នេះ។

ទាញយក  googleplay   apstore

ដៃគូសហការ

unnamed