October 25, 2024

មជ្ឈមណ្ឌលបុប្ផាណា នឹងប្រារព្ធទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤

ភ្នំពេញ, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ – មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រួមជាមួយសហគមន៍នានាលើពិភពលោក នឹងប្រារព្ធទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ។ ថ្ងៃដ៏សំខាន់នេះ ត្រូវបានកំណត់យកដោយអង្គការយូណេស្កូ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សបណ្ណសារសោតទស្សន៍សម្រាប់អ្នកជំនាន់ក្រោយ ។ ជាផ្នែកមួយនៃកិច្ចការដ៏សំខាន់នេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញបុគ្គល ស្ថាប័ន និងសាធារណជនទូទៅនៅទូទាំងប្រទេសកម្ពុជា ឱ្យស្វែងយល់ពីតម្លៃនៃបណ្ដុំបណ្ណសារសោតទស្សន៍របស់ពួកគេ ដែលអាចត្រូវបានរក្សាទុកនៅក្នុងផ្ទះ ការិយាល័យ ឬឃ្លាំងជាដើម ។

បណ្ណសារសោតទស្សន៍ទាំងនោះមានដូចជា ខ្សែភាពយន្ដ ខ្សែអាត់សំឡេង និងវីដេអូ ថាសវីនីល ខ្សែអាត់សម្លេង និងរូបថត មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងវប្បធម៌ ។ ទោះជាយ៉ាងនេះក្តី ទម្របណ្ណសារទាំងនេះ ងាយនឹងពុកផុយ ប្រសិនបើមិនបានរក្សាទុកឱ្យបានត្រឹមត្រូវ ។ ជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន មជ្ឈមណ្ឌលបុប្ផាណា លើកទឹកចិត្តឱ្យសាធារណជនគ្រប់រូបយកចិត្តទុកដាក់លើស្ថានភាពនៃទ្រព្យសម្បត្តិដ៏មានតម្លៃទាំងនេះ ។ ទោះស្ថិតក្នុងស្ថានភាពល្អ ឬផុយស្រួយក៏ដោយ បណ្ណសារសោតទស្សន៍ទាំងនោះនូវតែជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យយើងអាចមើលឃើញពីមរតកវប្បធម៌ដ៏ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងប្រវត្តិសាស្រ្ដសម័យថ្មីរបស់ប្រទេសកម្ពុជា ។

ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបណ្ណសារសោតទស្សន៍ មជ្ឈមណ្ឌលបុប្ផាណាខិតខំធ្វើតាមដំបូន្មានអ្នកជំនាញអំពីរបៀបរក្សាទុក ឬធ្វើការបម្លែងបណ្ណសារសោតទស្សន៍ទាំងនេះឱ្យបានត្រឹមត្រូវ មុនពេលដែលបណ្ណសារដ៏មានតម្លៃទាំងនោះខូច ឬហួសពេលក្នុងការស្តារឡើងវិញ ។ តាមរយៈការផ្តល់ការណែនាំអំពីការអនុវត្តល្អបំផុតសម្រាប់ការពារបណ្ដុំបណ្ណសារសោតទស្សន៍ទាំងនេះ មជ្ឈមណ្ឌលសង្ឃឹមថានឹងជួយប្រជាជនកម្ពុជាក្នុងការការពារ និងចែករំលែកនូវប្រវត្តិសាស្រ្ដ និងរឿងរ៉ាវប្លែកៗរបស់ពួកគេទៅកាន់មនុស្សជំនាន់ក្រោយបន្ថែមទៀត ។

លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានបង្ហាញពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះថា “បេតិកភណ្ឌវប្បធម៌របស់យើងបានលាក់កប់នៅក្នុងបណ្ណសារសោតទស្សន៍ទាំងនេះ ហើយបំណែកនីមួយៗរបស់បណ្ណសារសោតទស្សន៍ទាំងនោះ គឺជាផ្នែកមួយនៃការចងចាំរួមរបស់យើង ។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធានាថាការចងចាំទាំងនេះត្រូវបានរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយអាចទស្សនា និងសិក្សាស្វែងយល់បាន ។ ក្នុងឱកាសនៃ​ទិវា​បេតិកភណ្ឌ​សោតទស្សន៍​ពិភពលោក​នេះ យើង​ចង់​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បង្កើនការយកចិត្តទុកដាក់ និង​ថែរក្សា​សម្បត្តិបេតិកភណ្ឌ​សោតទស្សន៍​របស់​ខ្លួនឱ្យបានល្អ ​មុន​​ពេលដែលបណ្ណសារសោតទស្សន៍ទាំងនោះត្រូវបាត់បង់»។

មជ្ឈមណ្ឌលបុប្ផាណាប្តេជ្ញាផ្តល់ដំណោះស្រាយការអភិរក្សបណ្ណសារជាលក្ខណៈបុគ្គល និងអង្គការនានា ចាប់ពីការណែនាំអំពីការរៀបចំទុកដាក់បណ្ណសារ រហូតដល់ការបម្លែងបណ្ណសារជាឌីជីថល ដោយធានាថាខ្លឹមសារដែលរក្សាទុកក្នុងបណ្ណសារទាំងនេះនៅតែអាចប្រើប្រាស់បានច្រើនឆ្នាំទៅមុខទៀត ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបរក្សាទុកបណ្តុំបណ្ណសារសោតទស្សន៍របស់លោកអ្នក សូមលោកអ្នកទាក់ទងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ឬចូលរួមក្នុងកម្មវិធី “ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក” នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលបុប្ផាណា អមដោយបទបង្ហាញដ៏មានសារៈសំខាន់ទាក់ទងនឹងបណ្ណសារសោតទស្សន៍ និងការពិគ្រោះទាក់ទងនឹងការថែរក្សាបណ្ណសារសោតទស្សន៍ផងដែរ ។

ទំនាក់ទំនង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
អាស័យដ្ឋាន៖ ផ្ទះលេខ ៦៤ ផ្លូវ ២០០ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ៖ +855 23 99 77 55
អ៊ីមែល៖ info@bophana.org
គេហទំព័រ៖ www.bophana.org

អំពីមជ្ឈមណ្ឌលបុប្ផាណា៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា គឺជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា ដែលធ្វើការលើការអភិរក្ស និងចែករំលែកបេតិកភណ្ឌសោតទស្សន៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាដល់សាធារណជនទាំងជាតិ និងអន្តរជាតិ ។ តាមរយៈបណ្ណសារ កម្មវិធីបណ្តុះបណ្តាល និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ មជ្ឈមណ្ឌលនេះធ្វើការដើម្បីធានាថាប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសកម្ពុជាត្រូវបានចងចាំ ទទួលបានការសាទរ និងចែករំលែកទៅកាន់មនុស្សជំនាន់ក្រោយៗយ៉ាងទូលំទូលាយ ។