June 5, 2024

កម្មវិធីចាក់បញ្ចាំងភាពយន្ដ«ម-១៣៖ ដើមកំណើតនៃឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម» នៅវិទ្យាល័យឧដុង្គខេត្តកំពង់ស្ពឺ

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំការចាក់បញ្ចាំងភាពយន្តឯកសារស្តីអំពី «ម-១៣៖ ដើមកំណើតនៃឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម» នៅវិទ្យាល័យឧដុង្គខេត្តកំពង់ស្ពឺ ដែលមានសិស្សានុសិស្សចូលរួមប្រមាណជាង២០០នាក់។

ក្រោយការចាក់បញ្ចាំងភាពយន្ត កិច្ចពិភាក្សាក៏បានធ្វើឡើងជាមួយនិងតួអង្គពីររូបដែលជាអ្នករស់រានមានជីវិតក្រោយរបបប៉ុល ពត និងបានចែករំលែករឿងរ៉ាវជីវិតផ្ទាល់ខ្លួន ទិដ្ឋភាពនៃគុក របៀបរស់នៅរបស់អ្នកជាប់គុក ព្រមទាំងពីរបៀបធ្វើទារុណកម្មនៅមន្ទីរនេះផងដែរ។​ យើងខ្ញុំសង្ឃឹមថា ភាពយន្តឯកសារនេះនឹងដើរតួនាទីមួយផ្នែកក្នុងការចងក្រងនូវប្រវត្តិសាស្រ្តដែលមានអាចបំភ្លេចបាន និងជាឯកសារស្រាវជ្រាវដ៏សំខាន់មួយសម្រាប់អ្នកស្រាវជ្រាវក៏ដូចជាសិស្ស និងនិស្សិត ដែលមានបំណងចង់ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីមន្ទីរមួយនេះ។

ភាពយន្តឯកសារនេះនឹងចាក់បញ្ចាំងម្តងទៀតនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ ៣០ ខែមិថុនា ខាងមុខនេះ។ អាស្រ័យហេតុនេះ សូមកុំឲ្យខកខានទស្សនាភាពយន្តស្តីអំពីប្រវត្តិសាស្ត្រមួយនេះ។ សូមបញ្ជាក់ថា គម្រោងនេះមានការសហការជាមួយនឹង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងក្រុមបណ្តាញអប់រំ យុត្តិធម៌ និងការចងចាំ (EdJAM) ក្រោមជំនួយឧបត្ថម្ភមូលនិធិពីក្រុមប្រឹក្សាស្រាវជ្រាវសិល្បៈ និងមនុស្សសាស្រ្ត និងមូលនិធិស្រាវជ្រាវបញ្ហាប្រឈមសាកល។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សិស្សានុសិស្សនៃវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតួអង្គទាំងអស់ ដែលបានចូលរួមចំណែកឲ្យគម្រោង ក៏ដូចជាព្រឹត្តិការណ៏នៃការផ្សព្វផ្សាយពីមន្ទីរ ១៣ នេះបានប្រព្រឹត្តទៅបានរលូន និងជោគជ័យ។