April 26, 2024

កម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងជនជាតិដើមក្នុងប្រទេសអូស្ត្រាលី និងជនជាតិដើមភាគតិចនៅកម្ពុជា

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបុប្ផាណាមានកិត្តិយសដែលបានសហការជាមួយស្ថានទូតអូស្ត្រាលី ក្នុងការរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ «ការចូលរួមថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចតាមរយៈសិល្បៈ និងភាពយន្ត» រវាងសហគមន៍ជនជាតិដើមភាគតិចផ្សេងៗគ្នាមកពីប្រទេសកម្ពុជា និងអូស្ត្រាលី មានដូចជាសហគមន៍ក្រុមជនជាតិដើមភាគតិចទំពួន គ្រឹង កួយ និង ជនជាតិដើម Gamilaraay។ ព្រឹត្តិការណ៍នេះ ជាវេទិកាមួយសម្រាប់កិច្ចសន្ទនា ការស្វែងយល់ និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា និងគ្នា។

ការចែករំលែករបស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអូស្ត្រាលី Mitch Tambo ដែលជាជនជាតិដើម Gamilaraay និងភរិយារបស់លោកឈ្មោះ Lele ដែលជាជនជាតិដើមភាគតិច West Papuan បានបង្ហាញពីភាពសម្បូរបែបអំពីវប្បធម៌ជនជាតិដើមភាគតិចរបស់ពួកគេ តាមរយៈតន្ត្រី និងការសម្តែង។ ក្នុងនោះផងដែរ សិល្បករជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា មានដូចជា ក្រុមសម្តែងរបាំយីកេជនជាតិដើមភាគតិចកួយ អ្នកសម្តែងរបាំជនជាតិដើមភាគតិចគ្រឹង និងសមិទ្ធិករភាពយន្តវ័យក្មេងជនជាតិដើមភាគតិចទំពួនក៏បានចួលរួមចែករំលែកពីការសម្តែងរបាំយីកេ ការអនុវត្តទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងភាសា ព្រមទាំងការប្រឈមផ្សេងៗនៅក្នុងសហគមន៌ជនជាតិភាគតិចរបស់ខ្លួន។

មជ្ឈមណ្ឌលក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម Pablo Kang ភារធារីនៃស្ថានទូតអូស្ត្រាលី សម្រាប់វត្តមានរបស់ឯកឧត្តមក្នុងឱកាសដ៏កម្រនេះ និងសូមអរគុណដល់ស្ថានទូតអូស្ត្រាលីសម្រាប់ការធ្វើឱ្យវេទិកានេះកើតមានឡើង ដែលវាជាស្ពានដើម្បីភ្ជាប់ទំនាក់ទំនងក្រុមផ្សេងៗគ្នានៃជនជាតិដើមភាគតិចនៅក្នុងសកលលោកនេះ។ ជាពិសេសយើងខ្ញុំក៏សូមអរគុណដល់ក្រុមជនជាតិដើមភាគតិចទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេ ដើម្បីចែករំលែកនូវវប្បធម៌ និងតន្ត្រីដ៏អស្ចារ្យនេះជូនដល់ទស្សនិកជន។