គម្រោង «សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន»
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) និងអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO) សហការគ្នាអនុវត្តគម្រោងមួយដែលមានឈ្មោះថា«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន» (The Arts of Visibility and Positive Social Change) សម្រាប់រយៈពេល២១(ម្ភៃមួយ)ខែ ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០២២ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានការគាំទ្រពីកម្មវិធីVOICE តាមរយៈអង្គការអុកស្វាម(Oxfam) មូលនិធិហ្វដ និងមូលនិធិហេនរេចបូល។
គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ឱកាសដល់យុវជនជនជាតិដើមភាគតិច ជាពិសេសស្ត្រី បង្ហាញនូវសំឡេងរបស់ខ្លួន តាមរយៈចំណេះដឹងប្រពៃណីជនជាតិដើមភាគតិច សិល្បៈសកម្ម និងបច្ចេកវិទ្យាផ្នែកពហុប្រព័ន្ធផ្សព្វផ្សាយ។
គម្រោងនេះ ផ្តល់ជូនអាហារូបករណ៍ចំពោះសិក្ខាកាមជាជនជាតិដើមភាគតិច ចំនួន២៤(ម្ភៃបួន)រូបមកពីខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីដែលមានអាយុចន្លោះពី១៨រហូតដល់៣០ឆ្នាំ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ។ លើសពីនេះទៅទៀត គម្រោងនឹងផ្តល់ការបណ្តុះបណ្តាលដល់ពួកគេអំពីចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា។
ដើម្បីធានានូវការចូលរួមរបស់យុវជន ជាពិសេសស្រ្ដី មកពីសហគមន៍ជនជាតិដើមភាគតិចជាច្រើនផ្សេងគ្នានៅក្នុងគម្រោងនេះ មជ្ឈមណ្ឌលបុប្ផាណា បានផ្តល់ការបណ្តុះបណ្តាលនៅក្រុងបានលុង ខេត្តរតនគិរី។
លក្ខណៈពិសេសថ្មីនៃគម្រោងនេះ រួមមាន(១)ការដាក់បញ្ចូលសិក្ខាកាមរបស់គម្រោងមុន ដើម្បីផ្តល់ប្រឹក្សាដល់សិក្ខាកាមនៅក្នុងគម្រោងនេះ (២)ការបង្កើតសន្ទានុក្រមបច្ចេកទេសផលិតភាពយន្តជាភាសាជនជាតិដើមភាគតិច (៣)ការបង្រៀនពីរបៀបរៀបចំពិព័រណ៍រូបថតនិងព្រឹត្តិការណ៍វប្បធម៌ និង(៤)ការសហការគ្នាទៅវិញទៅមករវាងយុវជនក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី។
តាមរយៈគម្រោងនេះ មជ្ឈមណ្ឌលបុប្ផាណាបន្តចូលរួមភ្ជាប់ទំនាក់ទំនងរវាងយុវជននិងសមាជិកសហគមន៍ ជាពិសេសមនុស្សវ័យចាស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការផ្ទេរចំណេះដឹងប្រពៃណី ការចែករំលែកបទពិសោធជីវិត និងបញ្ហាប្រឈមនៅក្នុងសហគមន៍ តាមរយៈការផលិតភាពយន្តដែលមានការចូលរួម។ ភាពយន្តឯកសារដែលផលិតនៅក្នុងគម្រោងនេះ នឹងធ្វើឡើងជាភាសាជនជាតិដើមភាគតិច ដើម្បីចូលរួមអភិរក្សភាសារបស់សហគមន៍ជនជាតិដើមភាគតិច។
ភាពយន្តទាំងនោះ នឹងចាក់បញ្ចាំងនៅកម្រិតមូលដ្ឋាននៅក្នុងសហគមន៍ជនជាតិដើមភាគតិច ការចាក់បញ្ចាំងនៅកម្រិតជាតិ និងកម្រិតអន្តរជាតិ។
អនុវត្ដដោយ សហការដោយ
ផ្ដល់មូលនិធិដោយ