ជំពូកទី១ “ជីវប្រវត្តិវិចិត្រករ វ៉ាន់ ណាត”
ជីវប្រវត្តិសង្ខេបរបស់លោក “វ៉ាន់ ណាត”
លោក វ៉ាន់ ណាត ឬ ហេង ណាត កើតនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩៤៦ នៅភូមិត្បាល់ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងគ្រួសារកសិករដែលមានបងប្អូនប្រុសស្រី ៤ នាក់ ។ តាំងពីកុមារភាព លោកមានចំណូលចិត្តខាងគំនូរ និងបានជ្រើសយកឯកទេសជាជាងគំនូរក្នុងវ័យយុវជន ។ លោកបានចាប់យកអាជីពជាជាងគំនូរកុននៅឆ្នាំ ១៩៦៥ ។ ឆ្នាំ ១៩៧១ លោក វ៉ាន់ ណាត បានរៀបអាពាហ៍ពិពាហ៍ និងមានកូន ២ នាក់ ។ ពេលខ្មែរក្រហមកាន់កាប់អំណាច លោក និងគ្រួសារត្រូវជម្លៀសទៅសហករណ៍ឃុំ ៥ ស្រុក ៤១ តំបន់ ៤ ក្នុងខេត្តបាត់ដំបង ។
ព្រឹត្តិការណសំខាន់ៗកើតមានចំពោះលោក វ៉ាន់ ណាត
– ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ១៩៧៧ លោក និងប្រជាជនប្រមាណជាង ៣០ នាក់ ត្រូវខ្មែរក្រហមចាប់ខ្លួននៅបាត់ដំបង និងបញ្ចូនមកមន្ទីរ ស.២១ (ភ្នំពេញ) ក្នុងខែមករា ឆ្នាំ១៩៧៨ ដោយចោទពីបទ ដើរបំផុសបំផុលចលនាប្រឆាំងមាគ៌ាបដិវត្តន៍ ឬជាភ្នាក់ងារ សេ.អី.អា
– ខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៧៨ លោកជាប់ឃុំនៅមន្ទីរ ស.២១ អស់រយៈពេល ១ ឆ្នាំ
– ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានជួយសង្គ្រោះលោក និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតពីរបបដ៏ខ្មៅងងឹត
– លោកត្រឡប់ទៅស្រុកកំណើតបានជួបជុំ បងប្អូន និងប្រពន្ធ ប៉ុន្តែកូនទាំង ២ បានស្លាប់ដោយសារកង្វះអាហារ និងថ្នាំព្យាបាល
– ថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៧៩ លោកនាំក្រុមគ្រួសារមករស់នៅភ្នំពេញ និងបន្តការងារជាកងទ័ពនៅកងពល ១៦៩
– ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ១៩៧៩ លោករួមជាមួយអ្នករស់រានមានជីវិតបីនាក់ទៀត (អៀម ចាន់, រុយ នាអង់ និងអ៊ឹង ប៉ិច) មកធ្វើការនៅសារមន្ទីរទួលស្លែង ឯកទេសគំនូរ តាមការស្នើសុំរបស់លោក កែវ ចិន្តា រដ្ឋមន្ត្រីក្រសួងឃោសនាការ និងវប្បធម៌ ។
– ថ្ងៃទី ៧ មករា ឆ្នាំ១៩៨០ ពិធីបើកសម្ភោធពិព័រណ៍គំនូរ ស្ដីពីដំណើរជីវិតក្នុងមន្ទីរឃុំឃាំង ស.២១ ដែលជាស្នាដៃរបស់លោក វ៉ាន់ ណាត ដើម្បីឱ្យប្រជាជនខ្មែរទូទាំងប្រទេសបានទស្សនា
– ក្រោយមកលោកមានកូនចំនួន ៣ នាក់ទៀត (ស្រី ២ ប្រុស ១)
– ចាប់ពីឆ្នាំ ១៩៩៧ លោកឈប់បម្រើការងារជាកងទ័ព និងលោកបន្តអាជីពជាជាងគំនូរ
– ឆ្នាំ ២០០៩ លោកជាសាក្សីដ៏សំខាន់ក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) ខណៈលោក ប៉ូ ម៉េង និងជុំ ម៉ី ធ្វើជាដើមបណ្ដឹងរដ្ឋប្បវេណី និងជាសាក្សីក្នុងករណី ០០១ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្គិចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរ ស.២១ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងជនរងគ្រោះដទៃ
– ឆ្នាំ ២០១១ លោកទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ ៦៦ ឆ្នាំ
– លោកបន្សល់នូវស្នាដៃគំនូរជាច្រើនផ្ទាំង
ប្រភព៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ឬហៅកាត់ថា ស.២១)
រូបថតវិចិត្រករ វ៉ាន់ ណាត, រូបនេះត្រូវបានថតមុនមរណភាពរបស់លោក ១ ខែ
ជំពូកទី ២ “គុកទួលស្លែង (មន្ទីរ ស.២១)” »
ជំពូកទី ៣ “ការចងចាំរបស់វិចិត្រករ វ៉ាន់ ណាត” »
ត្រឡប់ទៅកាន់ទំព័រដើម “ខួប ១០ ឆ្នាំនៃការចងចាំរបស់វិចិត្រករ វ៉ាន់ ណាត” »