December 31, 2021

ក្រឡេកមើលទន្លេមេគង្គ ៖ ការចូលរួមរបស់យុវជនក្នុងសហគមន៍តាមរយៈភាពយន្តឯកសារ

មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍បុប្ផាណា​ មាន​កិត្តិយស​សូម​ជម្រាប​ជូនថា​ ដោយ​ទទួល​បាន​មូល​​និធិ​ពី​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត(SIDA)​ និង​​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ(SDC)​

ព្រម​ទាំង​មាន​ការ​គាំទ្រ​ពីអង្គការ​BBC Media Action​មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា អនុវត្តគម្រោងមួយដែលមានឈ្មោះថា «ក្រឡេកមើលទន្លេមេគង្គ : ការចូលរួមរបស់យុវជនក្នុងសហគមន៍តាមរយៈភាពយន្តឯកសារ» រយៈពេល១២ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២២។

គោលបំណងសំខាន់របស់គម្រោងនេះ គឺផ្តល់ឱកាសឱ្យយុវជនជនកម្ពុជាចូលរួមនៅ​ក្នុងសហគមន៍ តាមរយៈ​ការផលិតភាពយន្តឯកសារ​ ដើម្បីស្វែងយល់និងបង្ហាញពីជីវភាពរស់នៅ ទំនៀមទម្លាប់ ​ប្រពៃណី វប្បធម៌របស់ប្រជាជន​កម្ពុជា​​ដែលរស់នៅ​អាស្រ័យផលទៅលើទន្លេមេគង្គ និងបរិស្ថាន​តាមដងទន្លេមេគង្គ។ គោលបំណង​​សំខាន់មួយទៀត គឺផ្សព្វផ្សាយ​ភាពយន្តឯកសារ ដែលផលិតដោយយុវជនជ័យលាភី ទាំង​១៥​រូប​នៅក្នុងគម្រោងនេះ​ ដើម្បីជំរុញ​និងបង្កើន​ការចូលរួមរបស់យុវជន​ជាច្រើនផ្សេងទៀត​នៅក្នុង​សហគមន៍​ដើម្បីចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួនប្រកបដោយចីរភាព។

គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាចំនួន១៥នាក់ ដែលមានអាយុចន្លោះពី១៨ឆ្នាំ រហូតដល់៣០ឆ្នាំ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីបណ្តុះបណ្តាលយុវជនលើការផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ គឺជាបេសកកម្មមួយក្នុងចំណោមបេសកកម្មសំខាន់ៗផ្សេងទៀត របស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។

សិក្ខាកាមនឹងសិក្សាពីដំណើរការនៃការផលិតភាពយន្តទាំងផ្នែកទ្រឹស្តីនិងការអនុវត្តជាក់ស្តែង នៅគ្រប់ដំណាក់កាលនៃការផលិតភាពយន្តឯកសារ ដែលរួមានដំណាក់កាលត្រៀមផលិត(Pre-Production) ដំណាក់កាលផលិត(Production) និងដំណាក់កាលក្រោយផលិត(Post-Production)។

ដើម្បីផ្តល់នូវធាតុចូលល្អៗដល់គម្រោងជាពិសេសដល់សិក្ខាកាមនៃគម្រោង មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ធ្វើសហការ​ជាមួយអង្គការនិងគម្រោងពាក់ព័ន្ធផ្សេងទៀតក្នុងភាពជាដៃគូប្រឹក្សាដែលមានដូចជាអង្គការWWF អង្គការអុកស្វាមកម្ពុជា(Oxfam Cambodia)​ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum On Cambodia) និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonder of the Mekong River)

ផ្តល់មូលនិធិដោយ

          

សហការដោយ