August 16, 2021
កសាងសមត្ថភាពយុវជនជនជាតិដើមភាគតិច និងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈវីគីមីឌៀ
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូ មានកិត្តិយសសូមជម្រាបជូនថាស្ថាប័នទាំងពីរនឹងអនុវត្តរួមគ្នានូវគម្រោង
«ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិចនិងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈវីគីមីឌៀ»ចាប់ពីខែកក្កដាឆ្នាំ២០២១ ដល់ខែមិថុនាឆ្នាំ២០២២ ក្រោមជំនួយពីមូលនិធី វីឌីមីឌៀ។
គម្រោងនេះនឹងប្រើប្រាស់កម្មធីផ្សព្វផ្សាយនៃវីគីមីឌៀ ដើម្បីផ្តល់ផ្សព្វផ្សាយបណ្ណសារសោតទស្សន៍ជនជាតិដើមភាគតិច ដើម្បីថែរក្សា ការពារ និងលើកស្ទួយភាសាជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះនឹងផ្តល់កម្មវិធីបណ្តុះបណ្តាល និងកសាងសមត្ថភាពយុវជន ដែលជាជនជាតិដើមភាគតិចចំនួន៣០រូប មកពីសហគមជនជាតិដើមភាគតិចនៅខេត្តរតនគីរី នូវជំនាញផលិតភាពយន្តឯកសារ (ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង)។ យុវជននឹងសិក្សាពីដំណើរការនៃការផលិតភាពយន្តតាំងពី ដំណាក់កាលត្រៀមផលិត(Pre-Production) ដំណាក់កាលផលិត(Production) និងដំណាក់កាលក្រោយផលិត (Post-Production) ដើម្បីឱ្យយុវជនអាចផលិតភាពយន្តជាភាសាដើមរបស់ពួកគាត់ស្តីអំពីជីវិតរស់នៅប្រចាំថ្ងៃនិងវប្បធម៌របស់សហគមជនជាតិដើមភាគតិច។
ដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញទេសផ្នែកគេហទំព័រវីគីមីឌៀ យុវជនជនជាតិដើមភាគតិចនឹងទទួលបានការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់គេហទំព័រវីគីមីឌៀក្នុងការផ្សព្វផ្សាយឯកសារ និងប្រើប្រាស់គេហទំព័រនេះ។ បណ្ណសារសោតទស្សន៍ដែលផលិតក្នុងគម្រោង នឹងត្រូវថែរក្សានៅក្នុងមូលដ្ឋានទិន្នន័យរបស់អង្គការយូណេស្កូ មជ្ឈមណ្ឌលបុប្ផាណា និងដៃគូរផ្សេងៗទៀតរួមមាន MOWCAP និង Wikitongues ព្រមទាំងផ្សព្វផ្សាយយ៉ាងទូលាយតាមគេហទំព័រវីគីឌីមីឌៀខំមិន (Wikimedia Commons)ផងដែរ។
គម្រោងនេះ នឹងផលិតឯកសារដែលមានខ្លឹមសារនិងគុណភាពខ្ពស់ជាភាសាជនជាតិដើមភាគតិច និងជាភាសាខ្មែរ ស្តីពីវប្បធម៌ជនជាតិដើមភាគតិចនៅកម្ពុជា និងចែករំលែកឯកសារទាំងនេះក្នុងគេហទំព័រវីគីមីឌៀ។ ក្នុងក្របខណ្ឌនៃ ទសវត្សអន្តរជាតិនៃភាសាជនជាតិដើមភាគតិច របស់អង្គការយូណេស្កូ ២០២២-២០៣២(IDIL) គម្រោងនេះនឹងអាចជាគំរូឧទាហរណ៍សម្រាប់បណ្តាប្រទេសដែលជាសមាជិក ឬជាដៃគូរបស់អង្គការយូណេស្តូ ដើម្បីអនុវត្តគម្រោងស្រដៀងគ្នានេះដែរ ដោយសហការជាមួយសហគមន៍វីគីមីឌៀ ក៏ដូចជាលើកទឹកចិត្តជនជាតិដើមភាគតិចក្នុងការប្រើប្រាស់គេហទំព័រវីគីមីឌៀ ដើម្បីចែករំលែកឯកសារស្តីពីភាសានិងវប្បធម៌ជនជាតិដើមភាគតិច ព្រមទាំងដើម្បីថែរក្សានិងលើកស្ទួយភាសារបស់ពួកគាត់។