April 3, 2024

មជ្ឈមណ្ឌលបុប្ផាណាកំពុងសហការជាមួយនឹងមូលនិធិរៃលើការអនុវត្តគម្រោង « រំឭកនៃការចងចាំ » ដែលនឹងអនុវត្តនៅក្នុងប្រទេសជប៉ុនខាងមុខនេះ

មជ្ឈមណ្ឌលបុប្ផាណាកំពុងសហការជាមួយនឹងមូលនិធិរៃលើការអនុវត្តគម្រោង « រំឭកនៃការចងចាំ » ដែលនឹងអនុវត្តនៅក្នុងប្រទេសជប៉ុនខាងមុខនេះ ក្នុងគោលបំណងចងក្រងបទពិសោធរបស់បុគ្គលដែលបានរស់រានជីវីតពីរបបខ្មែរក្រហមនៅកម្ពុជា និងបានតាំងទីលំនៅថ្មីក្នុងប្រទេសជប៉ុន តាមរយៈការសម្ភាសន៍ពីជំនាន់មួយទៅជំនាន់មួយ។

នេះគឺជាសកម្មភាពបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា-ជប៉ុន ស្តីពីប្រវត្តិសាស្ត្រ ប្រវត្តិផ្ទាល់មាត់ និងបច្ចេកទេសសម្ភាសន៍នៅថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២៤ ដែលជាចំនុចចាប់ផ្តើមនៃការអនុវត្តគម្រោង ដើម្បីធានាបាននូវការប្រមូលយកនូវព័ត៌មានពីការចងចាំបានយ៉ាងត្រឹមត្រូវ។

ការអនុវត្តគម្រោងនេះនឹងចងក្រងឯកសារ និងចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយលើកទឹកចិត្តឱ្យយុវជនស្វែងយល់ពីអតីតកាល និងលើកទឹកចិត្តឱ្យមនុស្សជំនាន់មុនផ្ទេរនូវរឿងរ៉ាវរបស់ពួកគាត់ទៅកាន់មនុស្សជំនាន់ក្រោយ ព្រមទាំងសិក្សាស្វែងយល់ពីបញ្ហាប្រឈមនានាអំពីការតាំងទីលំនៅថ្មីរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការចូលរួមថែរក្សានូវប្រវត្តិផ្ទាល់ខ្លួន និងធ្វើឱ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវីតនៃការភៀសខ្លួន និងភាពតស៊ូ។ គម្រោងនេះនឹងបម្រើជាវេទិកាសម្រាប់ការសន្ទនា ការឆ្លុះបញ្ចាំង ភាពធន់ និងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្ររួមគ្នា។