August 10, 2022

សេចក្តីប្រកាសព័ត៌មាន

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) និងអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO) សហការ​គ្នាអនុវត្តគម្រោងមួយដែលមានឈ្មោះថា«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន» (The Arts of Visibility and Positive Social Change) សម្រាប់រយៈពេល២១(ម្ភៃមួយ)ខែ ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០២២ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានការគាំទ្រពីកម្មវិធីVOICE តាមរយៈអង្គការអុកស្វាម(Oxfam) មូលនិធិហ្វដ និងមូលនិធិហេនរេចបូល។

គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ឱកាសដល់យុវជនជនជាតិដើមភាគតិច ជាពិសេសស្ត្រី ដើម្បីបង្ហាញនូវសំឡេងរបស់ខ្លួន តាមរយៈចំណេះដឹងប្រពៃណីជនជាតិដើមភាគតិច សកម្មភាពស្វែងរកការគាំទ្រតាមរយៈសិល្បៈ(Artivism) និងបច្ចេកវិទ្យាផ្នែកពហុប្រព័ន្ធផ្សព្វផ្សាយ។

គម្រោងនេះ ផ្តល់ជូនអាហារូបករណ៍ចំពោះសិក្ខាកាមជាជនជាតិដើមភាគតិច ចំនួន២៤(ម្ភៃបួន)រូបមកពីខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីដែលមានអាយុចន្លោះពី១៨រហូតដល់៣០ឆ្នាំ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ។ លើសពីនេះទៅទៀត គម្រោងនឹងផ្តល់ការបណ្តុះបណ្តាលដល់ពួកគេអំពីចំណេះដឹងមូលដ្ឋាន​ផ្នែកព័ត៌មានវិទ្យា។

ដើម្បីធានានូវការចូលរួមរបស់យុវជន ជាពិសេសស្ត្រី មកពីសហគមន៍ជនជាតិដើមភាគតិចជាច្រើនផ្សេងគ្នានៅក្នុងគម្រោងនេះ មជ្ឈមណ្ឌលបុប្ផាណាបានផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់នៅក្រុងបានលុង ខេត្តរតនគិរី។

លក្ខណៈពិសេសថ្មីនៃគម្រោងនេះ រួមមាន(១)ការដាក់បញ្ចូល​សិក្ខាកាមរបស់គម្រោងមុន ដើម្បីផ្តល់ប្រឹក្សាដល់សិក្ខាកាមនៅក្នុងគម្រោងនេះ (២)ការបង្កើតសន្ទានុក្រមបច្ចេកទេសផលិតភាពយន្តជាភាសាជនជាតិដើមភាគតិច (៣)​ការបង្រៀនពីរបៀបរៀបចំពិព័រណ៍រូបថតនិងព្រឹត្តិការណ៍វប្បធម៌ និង(៤)​ការសហការគ្នាទៅវិញទៅមករវាងយុវជន​ក្នុងខេត្តរតនគិរី​និងមណ្ឌលគិរី។

តាមរយៈគម្រោងនេះ មជ្ឈមណ្ឌលបុប្ផាណាបន្តចូលរួមភ្ជាប់ទំនាក់ទំនងរវាងយុវជននិងសមាជិកសហគមន៍ ជាពិសេសមនុស្សវ័យចាស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការផ្ទេរចំណេះដឹងប្រពៃណី ការចែករំលែក​បទពិសោធជីវិត និងបញ្ហាប្រឈមនៅក្នុងសហគមន៍ ក្នុងដំណើរការនៃការផលិតភាពយន្តដែលមានការចូលរួម។ ភាពយន្តឯកសារដែលផលិតនៅក្នុងគម្រោងនេះ នឹងធ្វើឡើងជាភាសាជនជាតិដើមភាគតិច ដើម្បីចូលរួមអភិរក្សភាសារបស់សហគមន៍ជនជាតិដើមភាគតិច។

ភាពយន្តទាំងនោះ នឹងចាក់បញ្ចាំងនៅកម្រិតមូលដ្ឋាននៅក្នុងសហគមន៍ជនជាតិដើមភាគតិច ការចាក់បញ្ចាំងនៅកម្រិតជាតិ និងកម្រិតអន្តរជាតិ។