ជំពូក ៣. សកម្មភាពជាមួយ «ភ្លយ» នៅក្នុងភូមិ

បន្ទាប់ពី​យើង​បាន​បង្កើតថ្នាក់​រួចហើយ យើង​ក៏ចាប់ផ្ដើម​មាន​គំនិត​ថ្មីៗ​ដើម្បីឱ្យ​សិស្ស​ទាំងនោះ​មានភាព​រឹងមាំ​ដោយ​ខ្លួនគាត់ ដូច្នេះគាត់​អាច​ធ្វើ​សកម្មភាព​បាន​នៅក្នុង​ភូមិ​របស់គាត់។ យើងបាន​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «តន្រ្ដី​ផ្ទះខ្ញុំ» (Music at My House)។ អ្នករស់នៅ​ក្នុងភូមិ​របស់​សិស្ស​រៀនផ្លុំភ្លយ​បាននិយាយ​ថា នេះជា​លើកទី១​ហើយ​ដែល​ពួកគាត់​បានឃើញ​ក្មេងៗ​ផ្លុំ​ឧបករណ៍​ភ្លេង​បែបនេះ។

Phloy 3.2
Phloy 3.6  Phloy 3.8

នេះគឺជា​ការពិត ព្រោះលោកតា​បាន​បង្រៀន​ផ្លុំភ្លយ​ទៅកាន់​សិស្ស​របស់គាត់ ហើយមានតែ​លោកតា​ម្នាក់គត់​ដែលចេះ​ផ្លុំឧបករណ៍​នេះ។ ឧបករណ៍​ភ្លយនេះ គេកម្រ​បានឃើញ​ខ្លាំងណាស់ ព្រោះ​លោកតា​ផ្លុំតែនៅពេល​សែន​អ្នកតា​ប៉ុណ្ណោះ ហើយនេះ​គឺជា​លើកដំបូង​ហើយ​ដែលគាត់​បង្រៀនសិស្ស។ ឧបករណ៍​នេះមិនមែន​ជាឧបករណ៍​សម្រាប់​សម្ដែងនោះទេ ពោល​គឺគេ​លេងតែ​នៅពេលសែន​អ្នកតា​ក្នុងភូមិ​ប៉ុណ្ណោះ។ ដោយសារនេះ​គឺជា​ការចាប់ផ្ដើម​លើកដំបូង សិស្សរៀន​ឧបករណ៍ភ្លយ​បាន​ឆ្លើយតប​នឹងសំណួរ​ជាច្រើន​ពីប្រជាជន​នៅក្នុងភូមិ។

Phloy 3.4  Phloy 3.1

«តន្រ្ដី​ផ្ទះខ្ញុំ» លើកទី​២ មិនខុស​ពី «តន្រ្ដីផ្ទះខ្ញុំ» លើកទី១​ប៉ុន្មានដែរ ដោយយើង​បានរៀបចំ​ឱ្យ​សិស្សទាំងនោះ​ស្លៀកពាក់​ខោអាវថ្មីៗ ហើយមាន​ឱកាស​បានចេញទៅ​សម្ដែង​ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នកភូមិ។ ខណៈនោះ​ដែរ ពួកគាត់​ក៏បាន​ទទួល​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពីក្មេងៗ និង​ចាស់ៗ​ក្នុងភូមិ។ កត្តា​ចម្បង ពួកគាត់ និងលោកតា​ត្រូវចូលព្រៃ​ដើម្បី​ចៀរជ័រ​មកលក់ តែទោះជា​យ៉ាងណា ពួកគាត់​នៅតែ​សប្បាយចិត្ត​ជាមួយនឹង​ពួកយើង​ក្នុងការធ្វើ​បទបង្ហាញ​ទាំងលើកទី១ និង​លើកទី២។ ពួកគាត់​មានអារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​ក្នុងការ​បន្ដ​ឧបករណ៍នេះ​ឱ្យក្មេងៗ​ជំនាន់ក្រោយ​បានឃើញ ហើយវា​ក៏ជា​ការរីករាយ​ដែរ​នៅពេលដែល​ពួកគាត់​បាន​ស្លៀកក្បិន និង​សម្លៀកបំពាក់​ថ្មីៗ។

Phloy 3.9

ទោះជាយ៉ាងណា​ក៏ដោយ ពួកគាត់​នៅតែ​មានការ​ភ័យខ្លាច​នៅឡើយ​នៅពេល​កំពុងធ្វើ​បទបង្ហាញ​អំពីភ្លយនេះ ដោយសារ​ពួកគាត់​គិតថា ពួកគាត់​ទើបតែ​ចេះបាន​បន្តិច ហើយក៏​ស្រាប់តែឡើង​មកធ្វើបទបង្ហាញ​បែបនេះ។ តែយ៉ាងណា​ក៏​ពួកគាត់​នៅតែ​ខំជម្នះ​តស៊ូ ព្រោះមាន​គ្នីគ្នា​ច្រើន​ជាកម្លាំង​ចិត្ត និងបាន​ទទួល​ជោគជ័យ​គួរសមដែរ។

• ពិធីសែនអ្នកតាក្នុងព្រៃ

ដូចយើងបាន​ជម្រាប​ពីខាងលើ ឧបករណ៍​ភ្លយនេះ​គឺសម្រាប់តែ​ពិធី​សែនព្រេន​នៅក្នុង​ភូមិ និងជា​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិចជង។ នេះគឺជា​រូបភាព​នៅក្នុង​ពិធីសែន​អ្នកតា​ក្នុងព្រៃ ដែលពួកគាត់​បានយក​ឧបករណ៍​ភ្លយនេះ​ទៅជាមួយ។

Phloy 3.12  Phloy 3.15

ដោយសារ​នោះជា​រដូវ​ភ្លៀងធ្លាក់ មាន​សត្វទាក​ជាច្រើន ដែលវា​អាច​លោតមក​តោងខ្លួន​មនុស្ស ជាពិសេស​នៅត្រង់កន្លែង​ណា​ដែលមាន​ស្លឹកឈើ​ច្រើន។ អ្វីដែល​ខ្ញុំខ្លាច​បំផុតគឺសត្វទាក​នេះហើយ។ តែយ៉ាងណា​ក៏​យើង​នៅតែ​តស៊ូ ដើម្បី​ចូលរួម​ក្នុងពិធី​សែនអ្នកតា​នេះ។ ពួកគាត់​ក៏មាន​ស្គរដៃ​ផងដែរ​នៅក្នុង​ពិធី។ ពួកគាត់​មាន​ទឹកមុខ​ញញឹម​រីករាយ​ជាមួយ​ពួកយើង​ដែលតស៊ូ​ដើរចូលទៅ​ក្នុងព្រៃ។

Phloy 3.13

• វីដេអូឯកសារ «ឧបករណ៍ភ្លេងភ្លយនៅតំបន់អារ៉ែង ខេត្តកោះកុង»

បងប្អូន​អាច​ទស្សនា​បាននូវ​សកម្មភាព​ពិស្ដាររបស់​យើង តាំងពី​ការរុករក​លើកដំបូង រហូតដល់​សកម្មភាព​ដែលធ្វើឡើង​នៅក្នុងភូមិ​នៃតំបន់​អារ៉ែង ខេត្ត​កោះកុង តាមរយៈ​វីដេអូខាងក្រោម​នេះ។ សូម​បងប្អូន​ទស្សនា​ដោយក្ដី​រីករាយ។

• ជំពូក ៤. សកម្មភាពជាមួយ “ភ្លយ” ពេលចេញពីភូមិ »
• ជំពូក ៥. សំឡេង “ភ្លយ” »
• ត្រឡប់ទៅទំព័រដើមនៃពិព័រណ៍ “សំឡេងភ្លយ” »
• ជំពូក ១. ការស្វែងរក “ភ្លយ” ដ៏លំបាក »
• ជំពូក ២. សកម្មភាពបើកថ្នាក់ “ភ្លយ” »